(ភ្នំពេញ)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានបញ្ជូនអ្នកសង្កេតការណ៍ទូទាំងប្រទេសចំនួន ២,៦២៤រូប ទៅសង្កេតការណ៍តាមបណ្តាការិយាល័យនានា នៅទូទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព។

សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែមិថុនាបញ្ជាក់ថា បេសកកម្មដើម្បីចូលរួមចំណែក ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្ពន្ធយុវជនស្រលាញ់សន្តិភាព

បានបញ្ជូនអ្នកសង្កេតការណ៍ទូទាំងប្រទេសចំនួន ២,៦២៤រូប ទៅសង្កេតការណ៍តាមបណ្តាការិយាល័យនានា នៅទូទាំង ២៥រាជធានី-ខេត្ត សូមវាយតម្លៃជាបឋមលើដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះ ដូចខាងក្រោម៖

១៖ អំឡុងពេលបោះឆ្នោត

សម្ពន្ធយុវជនស្រលាញ់សន្តិភាព មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានសង្កេតឃើញស្មារតីសុទិដ្ឋិនិយម ការចូលរួមចំណែកនិងទំនួលខុសត្រូវលើកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះជោគវាសនារបស់ប្រទេសជាតិ ជាពិសេសក្នុងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមការកើនឡើងនៃការចូលរួមបញ្ចេញឆន្ទៈជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ។

សម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏បានកត់សម្គាល់និងសូមវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឆន្ទៈរបស់មន្ត្រីតាមការិយាល័យបោះឆ្នោតបានខិតខំជួយសម្របសម្រួល ដោយប្រុងប្រយ័ត្ន និងបានជួយដោះស្រាយបញ្ហា ដោយយកចិត្តទុកដាក់បំផុតស្របតាមច្បាប់ លិខិតបទដ្ឋាននានា ជាពិសេសបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ចំពោះភាពមិនប្រក្រតីនានា ដែលកើតឡើង។

២៖ ការរាប់សន្លឹកឆ្នោត

ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្ត ទៅដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ចំណុចនេះបានឆ្លុះបញ្ចាំងអំពីតម្លាភាព និងការបើកចំហនៃដំណើរការរាប់សន្លឹកឆ្នោត។ ជារួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគម្រាមកំហែង។

សម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមចូលរួមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលបានធានាការប្រព្រឹត្ត ទៅនៃការបោះឆ្នោតនៅកម្ពុជាដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងបានបង្កើតទំនុកចិត្តជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរ និងធ្វើឱ្យមានភាពជឿជាក់លើគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ចំពោះដំណើរការប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕