(ភ្នំពេញ)៖ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបានទទួលការអនុញ្ញាតិពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អង្គការវេទិកាស្ត្រី និងកុមារពិការខេត្តកំពត បានបញ្ជូនបុគ្គលិកចំនួន ៥នាក់ (ស្រី ២នាក់) ចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍ជាតិ នៅតាមមណ្ឌលបោះឆ្នោតចំនួន ៤មណ្ឌល ៥ការិយាល័យ ក្នុងខេត្តកំពត។

តាមរយៈសចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ អង្គការអង្គការវេទិកាស្ដ្រ និងកុមារពិការខេត្តកំពត បានសង្កេតឃើញថា៖

ទី១៖ មានគណបក្សនយោបាយចំនួន១៧ នៅទូទាំងប្រទេសបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

ទី២៖ ដំណើរការនៃការបោះឆ្នោតចាប់ពីដំណាក់កាលដំបូង រហូតដល់ចប់ការបោះឆ្នោត គឺបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសល្អប្រសើរ។ អង្គបោះឆ្នោតបានចូលរួមបញ្ចេញនូវឆន្ទៈគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមរយៈសន្លឹកឆ្នោត។

ទី៣៖ កិច្ចដំណើរការរាប់សន្លឹកឆ្នោត គឺបានប្រព្រឹត្តទៅដោយសុក្រឹត និងមានតម្លាភាពដោយមានវត្តមាន។

អង្គការវេទិកាស្ត្រី និងកុមារពិការខេត្តកំពត បានបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន បានពិនិត្យ ឃ្លាំមើល និងតរាំដោយបើកទូលាយ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។

តាមការពិនិត្យជាក់ស្ដែង លើទិដ្ឋភាពទូទៅនៃដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ក្រុមអ្នកសង្កេតការណ៍ជាតិនៃអង្គការវេទិកាស្ត្រី និងកុមារពិការខេត្តកំពត សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការនៃបោះឆ្នោតនេះមានភាពស្ងប់ស្ងាត បំពេញភារកិច្ចរៀងខ្លួន ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំងមានសណ្តាប់ធ្នាប់ល្អ និងសូមប្រកាសគាំទ្រលើកិច្ច ដំណើរការនៃបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប ជាស្ថាប័នឯករាជ្យ៕