(ភ្នំពេញ)៖ អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម បានវាយតម្លៃថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី យុត្តិធម៌ និងតម្លាភាព ក្នុងលំហសិទ្ធិសេរីភាពពេញលេញ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម បានបញ្ជាក់ថា ដោយទទួលបានអនុញ្ញាតពី គ.ជ.ប អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម បានចាត់តាំងបុគ្គលិកចំនួន០៥នាក់ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីសង្កេតមើលអំពីដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមមណ្ឌល បោះឆ្នោតចំនួន៩ និងការិយាល័យបោះឆ្នោតចំនួន២៤ នៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។

ក្រុមសង្កេតការណ៍របស់អង្គការមូលនិធិអភិវឌ្ឍន៍ស្សិតឥស្លាម បានធ្វើការសង្កេតមើលអំពីស្ថានភាព នៃការបោះឆ្នោតទាំងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃដំណើរការបោះឆ្នោត។ ជារួមអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម បានសង្កេតឃើញថា បរិយាកាសទូទៅនៃដំណើរការបោះឆ្នោតមាន ភាពស្ងប់ស្ងាត់ល្អ និងគ្មានអំពើហិង្សា។ ដំណើរការនៃការបោះឆ្នោតនៅខេត្តកំពត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្ត ទៅដោយរលូនដោយមានការចូលរួមពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ជាតិ និងភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយ។

ក្រុមអ្នកសង្កេតការណ៍បានពិនិត្យឃើញថា គណបក្សនយោបាយទាំងអស់ បានចូលរួមយ៉ាងផុសផុល និងប្រកួតប្រជែងដោយសេរី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីកៀរគរការគាំទ្រសម្រាប់គណបក្សរបស់ខ្លួន និងបានបញ្ចូនភ្នាក់ងាររបស់ខ្លួនឱ្យចូលរួមឃ្លាំមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីតាមដាន អង្កត និងតវ៉ ចំពោះភាពមិនប្រក្រតីណាមួយដែលកើតមានឡើង។

អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម បានគូសបញ្ជាក់ថា នេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជា មានឆន្ទៈមុះមុតគាំទ្រការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់មូលដ្ឋានរបស់ខ្លួន៕