(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់គ្រួសារសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ អាយុ២៨ឆ្នាំ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាល ស្រុកកំចាយមារ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានពលីដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃអាទិត្យ។

ថវិកាទំាំងនោះរួមមាន៖ ថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចំនួន៥លានរៀល, ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល, ថវិកាស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនិងសប្បុរសជន ៤លាន៨សែនរៀល។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបំពាក់មេដាយមាសការងារ និងបំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ទោ ជូនសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ ជាកិច្ចបច្ឆាមរណៈផងដែរ។

សូមបញ្ជាក់ថា លោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ និងអ្នកបើកបរជាប្អូនប្រុសបង្កើត បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ចូលប្រឡាយទឹកស្លាប់ កាលពីវេលាម៉ោង ១៤៖៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេលឃុំក្របៅ ស្ថិតនៅភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។។

គ្រោះថ្នាក់ចរាចរណ៍នេះ ពេលជនរងគ្រោះកំពុងចុះទៅបំពេញបេសកម្មយាមការិយាល័យបោះឆ្នោតលេខ០១៦១។ លោកបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕