(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ របស់ធនាគារ ពិភពលោក (WB) ដឹកនាំដោយលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB ដែលមកពីទីស្នាក់ការកណ្តាលទីក្រុងវ៉ាស៊ីងតោន ដើម្បីធ្វើការពិភាក្សា អំពីយុទ្ធសាស្រ្តកាត់បន្ថយ ថ្លៃឡូជីស្ទីក នៅកម្ពុជា ក្នុងបរិបទ ដែលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ត្រូវរាំងស្ទះដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។
លោក វង្សី វិស្សុត បានថ្លែងថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការ អភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីក ចម្រើន លូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជា ពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាពសក្កិសិទ្ធិភាព និងរស់រវើកនោះទេ។ លោកបានបន្តថា បច្ចុប្បន្នសេដ្ឋកិច្ច ពិភពលោក កំពុងទទួលរងផល ប៉ះពាល់ ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធឡូជីស្ទីក ត្រូវបានរាំងស្ទះ ដោយសារជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀត បណ្តាលមកពីការផ្លាស់ប្តូរ ប្រព័ន្ធពាណិជ្ជកម្ម។ ការផ្លាស់ប្តូរ ប្រព័ន្ធពាណិជ្ជកម្មនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធតភ្ជាប់ ពហុវិស័យ (interconnectivity) ដែលជាបច្ច័យធ្វើឱ្យមានការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងឡូជីស្ទីកផងដែរ។
លោក វង្សី វិស្សុត ក៏មានប្រសាសន៏ផងដែរថា ចំណាយឡូជីស្ទីកកម្ពុជានៅខ្ពស់ គឺជាបញ្ហាជារចនាសម្ព័ន្ធដ៏រ៉ាំរ៉ៃមួយ ហើយរាជរដ្ឋាភិបាលបានគិតគូរ និងចាប់ផ្តើមដោះស្រាយបញ្ហានេះ តាំងពីមុនពេល នៃវិបត្តិជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងបន្តធ្វើកិច្ចការនះទៀត ដើម្បីកាត់បន្ថយថ្លៃ ឡូជីស្ទីកនៅ កម្ពុជា តាមរយៈការដាក់ចេញជាវិធានការកែទម្រង់ជារចនាសម្ព័ន្ធជាប្រព័ន្ធ និងជាកញ្ចប់ ដូចមានកំណត់ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។
នៅក្នុងរយៈពេលមធ្យម ទៅមុខ កម្ពុជាត្រូវធ្វើ កិច្ចការច្រើនថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់ តែមានប្រសិទ្ធភាព សក្កិសិទ្ធិភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និង ចំណាយពេលតិច ព្រមទាំងមានស្ថិរភាព សម្រាប់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែភាពប្រកួតប្រជែង និងកាន់តែមានពិពិធកម្ម ពិសេសដើម្បីឱ្យកាន់តែ មានភាពទាក់ទាញ វិនិយោគ ពីក្រៅប្រទេស ក្នុងបរិការណ៍ ដែលភូមិសាស្រ្ត សេដ្ឋកិច្ចពិភពលោក កំពុងមាន ការផ្លាស់ប្តូរដោយសារការប្តូរទីតាំង វិនិយោគ ចេញពីប្រទេសចិន។ កម្ពុជាត្រូវតែចេះចាប់យកឱកាសនេះ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យ កាន់តែរស់រវើកនិងមានប្រសិទ្ធភាព ដើម្បីត្រងយកការវិនិយោគដែលនឹងប្តូរទីតាំងចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី និងមធ្យម និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងរយៈពេលវែង ។
អង្គប្រជុំបានធ្វើការពិភាក្សា លើលទ្ធផល នៃការសិក្សារបស់ក្រុមការងារ WB អំពីស្ថានភាពនៃវិស័យឡូជីស្ទីក នៅក្នុងពិភពលោក និងតំបន់ក៏ដូចជានៅប្រទេសកម្ពុជា។ ការសិក្សានេះ បានបង្ហាញថា ថ្លៃឡូជីស្ទីកនៅកម្ពុជានៅខ្ពស់ និងមិនសូវមានស្ថិរភាព ដោយសារសារថ្លៃប្រតិបត្តិការ និងថ្លៃដឹកជញ្ជូននៅខ្ពស់ និងនៅមានការបង់កម្រៃក្រៅផ្លូវការនៅឡើយ ព្រមទាំងបញ្ហាការតភ្ជាប់រវាងប្រភេទ នៃការដឹកជញ្ជូនមួយទៅប្រភេទ នៃការដឹកជញ្ជូនមួយទៀត និងបញ្ហានីតិវិធីមួយចំនួនទៀត។
ការសិក្សានេះ ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនទាំងក្នុងរយៈពេលខ្លី និងមធ្យមមានជាអាទិ៍ដូចជា៖ ការត្រួតពិនិត្យប្រសិទ្ធភាពនៃ ច្រកទ្វារពាណិជ្ជកម្ម, ការពង្រីកប្រព័ន្ធធុរជនល្អ (best trader scheme), ការបង្កើតប្រព័ន្ធ រាយការណ៍ តាមផ្លូវ (Roadwatch), ការជំរុញការដឹកជញ្ជូនតាមផ្លូវដែក, ការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ច ក្រោយការបញ្ចេញទំនិញពីគយ, ការសម្រួលដល់ការឆ្លងកាត់ទំនិញ, ការរៀបចំផែនការ និងយុទ្ធសាស្រ្ត ដឹកជញ្ជូនពហុបំណង និងការរៀបចំផែនការអភិវឌ្ឍឡូជីស្ទីក ក្នុងតំបន់ទីក្រុង ព្រមទាំងការរៀបចំបទ បញ្ញត្តិពាក់ព័ន្ធនឹងវិស័យឡូជីស្ទីកជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក នឹងបន្តធ្វើសិក្សាស៊ីជំរៅ លើចំណុចមួយចំនួន ទៀត ដើម្បីធ្វើឱ្យឯកសារយុទ្ធសាស្រ្ត ដ៏សំខាន់នេះ ក្លាយជារបៀបវារៈនៃការកែទម្រង់ដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការទាក់ទាញការវិនិយោគ និងធុរកិច្ចពីខាងក្រៅ៕