(ភ្នំពេញ)៖ សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ដែលសមាជិកចំនួន ១,០៥៨ នាក់ ឱ្យចូលរួមពិនិត្យ និងសង្កេតការណ៍ លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទូទាំង២៥ រាជធានី-ខេត្ត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍អះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
ក្នុងសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែមិថុនានេះបានបញ្ជាក់ថា «សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ»។
អង្គការដដែលនេះបានបញ្ជាក់ថា នៅក្នុងដំណើរការសង្កេតការណ៍លើការបោះឆ្នោត ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យតាមដានចាប់ពីថ្ងៃ ឃោសនារកសម្លេងឆ្នោត ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងការត្រួតពិនិត្យសន្លឹកឆ្នោត ឃើញថា នៅគ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី។ ជាពិសេសនៅថ្ងៃបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ក្នុងនាមជាអ្នកសង្កេតការណ៍ បានកត់សម្គាល់ឃើញថា គ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សុទ្ធតែបានបញ្ជួនភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួម ពិនិត្យតាមដាននៅថ្ងៃបោះឆ្នោតទាំងអស់គ្នា ហើយក៏ពុំមានការបំភិតបំភ័យណាមួយ នៅក្នុងថ្ងៃបោះឆ្នោតនោះឡើយ។
បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ នៅក្នុងនីតិវិធីនៃការរាប់សន្លឹកឆ្នោតវិញ សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ក៏បានកត់សម្គាល់ឃើញថា នៅតាមការិយាល័យបោះឆ្នោតនីមួយៗ គឺបានរាប់ និងត្រួតពិនិត្យសន្លឹកឆ្នោត និងបានធ្វើកំណត់ហេតុយ៉ាងត្រឹមត្រូវច្បាស់លាស់ ព្រមទាំងមានចុះហត្ថលេខាយល់ព្រម និងទទួលស្គាល់ពីភ្នាក់ងារ គ្រប់គណបក្សនយោបាយទាំងអស់ផងដែរ៕