សភាអាមេរិក អនុម័តថវិកា ៦២២លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Zika
19-05-2016 09:52
(អាមេរិក)៖ សភាអាមេរិក បានអនុម័តច្បាប់ថវិកា ជាទឹកប្រាក់ ៦២២លានដុល្លារអាមេរិក ដើម្បីត្រួតពិនិត្យការរីករាលដាលនៃមេរោគ Zika នេះបើយោងតាមការបញ្ជាក់របស់តំណាងសភាអាមេរិក និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា។
ចំនួនទឹកប្រាក់ដែលសភាអាមេរិក បានអនុម័តនេះ គឺតិចជាងសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងតិចជាងការស្នើបស់ព្រឹទ្ធសភាទៀត។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕