(ភ្នំពេញ)៖ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកម្ពុជា បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ មានលក្ខណៈសេរី និងយុត្តិធម៌។
តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បញ្ជាក់ថា «ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សនយោបាយទាំងអស់អាចចូលរួមដោយសេរី និងស្មើភាពក្នុងគ្រប់ដំណើរការ និងស្របតាមក្របខ័ណ្ឌច្បាប់»។
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានបញ្ជាក់បន្ថែមថា «ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតទាំងឡាយមានការសាទរ និងបង្ហាញនូវឆន្ទៈរបស់ពួកគាត់ តាមរយៈការបោះឆ្នោតដោយសេរី និងសន្តិវិធី។ យើងខ្ញុំពុំឃើញមានសញ្ញានៃការបំភិតបំភ័យ និងអំពើហិង្សាណាមួយ នៅគ្រប់ ការិយាល័យបោះឆ្នោតទាំងអស់ដែលយើងខ្ញុំបានសង្កេត ក្នុងអំឡុងពេលនៃការបោះឆ្នោតនេះ។ ហើយអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតដោយសេរី និងសោមនស្សរីករាយ ក្នុងការជ្រើសរើស យកមេដឹកនាំឃុំ-សង្កាត់រៀងៗខ្លួន»។
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ក៏បានសម្តែងនូវការអបអរសាទរដល់ប្រជាជនកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព និង លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងវិបុលភាព។
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីមានជំនឿថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងនៅតែបន្តលូតលាស់ ហើយប្រជាជនកម្ពុជានឹង អាចទាញយកប្រយោជន៍ពីដំណើរវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនេះ៕
ខាងក្រោមនេះសេចក្តីថ្លែងការណ៍របស់ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី៖