(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការដណ្ដើមបានជោគជ័យជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា។
តាមរយៈលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចករឡាហោម ស ខេង បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្ស ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសបានយល់ដឹង និងជ្រួតជ្រាបរហូតទទួលបានការគាំទ្រក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ បន្តទៀត។ ជ័យជម្នះដ៏គួរឱ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធានចូលរួមគាំទ្រដល់បុព្វហេតុរបស គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិឱ្យឃើញនូវភាពកាន់តែចាស់ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕