(ភ្នំពេញ)៖ ប្រធានប្រតិភូក្រុមអ្នកសង្កេតការណ៍ជនជាតិចិន បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា និងឆ្លុះបញ្ចាំង ពីវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានឲ្យដឹងបែបនេះ ក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
ប្រធានប្រតិភូក្រុមអ្នកសង្កេតការណ៍ជនជាតិចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃម្សិលមិញ គឺខ្ញុំនិងសហការី បានទៅសង្កេតការណ៍បោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយចំនួន នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យើងសង្កេតឃើញ មណ្ឌលបោះឆ្នោតទាំងនោះ មានភាពសណ្តាប់ធ្នាប់ល្អប្រសើរ ប្រជាជនទៅបោះឆ្នោត យ៉ាងរួសរាយ។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំបានឃើញដោយផ្ទាល់ភ្នែក ដូច្នេះខ្ញុំយល់ថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ គឺជាការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ខ្ញុំគិតថា ការបោះឆ្នោតនេះបានធានាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេសសិទ្ធិបោះឆ្នោត របស់ប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជាជនកម្ពុជា និងឆ្លុះបញ្ចាំង នូវវឌ្ឍនភាព លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា»។
លោកបន្តថា «ដូច្នេះយើងវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ប្រការ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើ ដើម្បីឲ្យការបោះឆ្នោតលើកនេះ បានរលូន និងកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ប្រធានប្រតិភូក្រុមអ្នកសង្កេតការណ៍ជនជាតិចិន ក៏បានបង្ហាញភាពរីករាយ ដោយបន្ថែមថា លោកនឹងប្រាប់ទៅមិត្តភក្តិរបស់លោក នូវអ្វីដែលលោកបានឃើញ ទាំងមិត្តភក្តិចិន និងមិត្តភក្តិបរទេស ដើម្បីធ្វើឲ្យគេបានយល់កាន់តែជ្រាលជ្រៅ ចំពោះសភាពការណ៍ជាក់ស្តែង ជាពិសេសលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើង នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញនេះដែរ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕