(ភ្នំពេញ)៖ លោក ធុយ គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ តែទោសនេះត្រូវព្យួរទាំងស្រុងពីបទរំលោភអំណាច តាមមាត្រា៣៥ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការដោះលែងជនត្រូវចោទពីរនាក់ ដែលនេះជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ ជាថ្នូរនឹងប្រាក់តម្កល់ចំនួន៦លានរៀល។
សាលក្រមនេះត្រូវបានលោក ធុយ គឹមហ៊ឹង ទទួលយកដោយពុំធ្វើការប្តឹងឧទ្ធរណ៍នោះទេ តែលោក លី លន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ត្រង់សេចក្តីសម្រេចទាំងមូល។ បណ្ដឹងឧទ្ធរណ៍នេះ ត្រូវបានសាលាឧទ្ធរណ៍ចាត់ការតាមនីតិវិធីជាបន្តបន្ទាប់ រហូតឈានដល់ការបើកសវនាការសាជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានថ្លែងក្នុងសវនាការថា លោក ធុយ គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ បានដោះលែងជនត្រូវចោទពីរនាក់ ឲ្យមានសេរីភាពឡើងវិញ ជាថ្នូរនឹងប្រាក់តម្កល់ចំនួន៦លានរៀល។ លោកចៅក្រម បញ្ជាក់ថា ការដោះលែងជនត្រូវចោទទាំងពីរនាក់ ជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ ដែលនេះជាបទល្មើសរំលោភអំណាច មានចែងតាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ។
មូលហេតុនៃការដោះលែងជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានលោកចៅក្រម ដកស្រង់ចម្លើយរបស់លោក ធុយ គឹមហ៊ឹង មកបញ្ជាក់ថា ព្រោះថ្ងៃដោះលែងនោះចំថ្ងៃចូលឆ្នាំចិន ហើយចៅក្រមស៊ើបសួរបានមករាជធានីភ្នំពេញ។
លោកចៅក្រម បញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ សាលាដំបូងខេត្តព្រះវិហារ បានផ្តន្ទាទោសលោក ធុយ គឹមហ៊ឹង ដាក់ពន្ធនាគារ៣ឆ្នាំនិងពិន័យ៥លានរៀល ពីបទរំលោភអំណាច។ សាលក្រមនេះត្រូវបានលោក លី លន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានដាក់ពាក្យប្តឹងឧទ្ធរណ៍។
ពាក់ព័ន្ធការដាក់ពាក្យប្តឹងឧទ្ធរណ៍នេះ សាលាឧទ្ធរណ៍ បានធ្វើការសួរដេញដោលទៅលើទម្រង់ច្បាប់ នៃពាក្យបណ្ដឹងឧទ្ធរណ៍ ដែលលើសរយៈពេល៤ថ្ងៃ ពោលគឺច្បាប់បានកំណត់ឲ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍រយៈពេល១ខែ គិតចាប់ពីថ្ងៃប្រកាសសាលក្រម។
មាត្រា៣៨១នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា ការប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា ត្រូវតែធ្វើក្នុងរយៈពេល១ខែ គិតពីពេលប្រកាសសាលក្រម។
មាត្រា៤០៤នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា កាលណាសាលាឧទ្ធរណ៍យល់ឃើញថា បណ្តឹងឧទ្ធរណ៍ធ្វើហួសពេលកំណត់ ឬធ្វើក្នុងលក្ខខណ្ឌមិនត្រឹមត្រូវនោះ សាលាឧទ្ធរណ៍ប្រកាសថា បណ្តឹងឧទ្ធរណ៍មិនអាចទទួលយកបាន។ ទោះបីយ៉ាងណា សាលាឧទ្ធរណ៍ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះវិញ៕