(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។
សេចក្តីប្រកាសរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ទាំងស្រុងដូច្នេះថា៖ «ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ សូមធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។ យើងខ្ញុំសូមសំដែងការកោតសរសើរដល់អ្នកទាំងឡាយណាដែលបានជួយឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ កោតសរសើរទ្វេរដង ជាពិសេស បន្ទាប់ពីគ្រាដ៏លំបាកដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កមន្លងមក»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសង្កេតឃើញថា ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ហើយប្រទេសកម្ពុជាហាក់ដូចជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។ កម្ពុជាគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានយ៉ាងល្អ។ ជោគជ័យនេះ បានអនុញ្ញាតឱ្យកម្ពុជាអាច បើកច្រកព្រំដែនរបស់ខ្លួនឡើងវិញបាន និងផ្ដល់លទ្ធភាពជូនភ្ញៀវអាចមកធ្វើទេសចរណ៍ឡើងវិញ ហើយប្រជាជនកម្ពុជានៅ ក្រៅប្រទេសក៏អាចវិលត្រលប់មកប្រទេសកំណើតរបស់ខ្លួនបានដើម្បីចូលរួមបោះឆ្នោត។
«ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងក្នុងសភាពធម្មតាបំផុត។ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំង សង្កេតការរាប់សន្លឹកឆ្នោតជាច្រើនលើក ហើយអ្វីដែលខ្ញុំបានឃើញនៅក្នុងប្រទេសកម្ពុជា គឺគ្មានអ្វីគួរអោយច្រណែននឹងអ្វីដែល ខ្ញុំធ្លាប់បានសង្កេតឃើញនៅប្រទេសបារាំងនោះឡើយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានបន្តថា ការបោះឆ្នោត ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន១៧នេះ បានអនុញ្ញាតឱ្យ ស្ទើរតែគ្រប់មតិទាំងអស់ត្រូវបានបញ្ចេញដោយសេរី។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ពិតជាពេញចិត្តត្រង់ចំណុចដែលថា អ្នកបោះឆ្នោតម្នាក់ៗត្រូវបានចុះ ឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ ដែលបានបោះពុម្ពចេញជាបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោតនីមួយៗ (ហើយក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានពិនិត្យមើលប្រហែល ២០ការិយាល័យ)។ នៅក្នុងបញ្ជីទាំងនោះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យអាចមើលឃើញមានរូប ថតសម្គាល់អ្នកបោះឆ្នោតម្នាក់ៗ ដូច្នេះ មិនអាចមានកំហុស ឬច្រឡំបានឡើយ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានបន្តថា អ្នកបោះឆ្នោតត្រូវបានត្រួតពិនិត្យចាប់ពីខ្លោងទ្វារចូលក្នុងការិយាល័យដោយមន្ត្រីបីនាក់ ក្រោយពីបានបោះឆ្នោតហើយ អ្នកបោះ ឆ្នោតត្រូវជ្រលក់ចង្អុលដៃក្នុងទឹកខ្មៅលប់មិនជ្រះ ដើម្បីជៀសវាងការបោះឆ្នោតពីរដង។ ហឹបឆ្នោតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានចាក់សោរ និងបិទត្រាយ៉ាងជិត។ បន្ទាប់មក ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានចូលរួមសង្កេតការរាប់ សន្លឹកឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតចំនួនពីរ ហើយក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសង្កេតឃើញថា អ្វីៗត្រូវបានធ្វើឡើងប្រកបដោយភាពហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួមទាំងអ្នកជូនដំណើរ និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ធ្វើដំណើរទៅការិយាល័យបោះ ឆ្នោតដែលខ្លួនចង់ទៅសង្កេត ដោយគ្មានការហាមឃាត់ផងដែរ៕