(ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ដែលបានបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា។

សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អង្គការ CAPDI បានបញ្ចូនគណៈ ប្រតិភូមកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុ នា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ ពេលមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២២ គណៈ ប្រតិភូបានជួបជាមួយ គ.ជ.ប និងថ្នាក់ដឹកនាំគណបក្សនយោបាយសំខាន់ៗ ហើយត្រូវបាន គ.ជ.ប ពន្យល់លម្អិតអំពីដំណើរការ និងរបៀបរៀបចំការបោះឆ្នោតឆ្នាំ២០២២ ប្រកបដោយតម្លាភាព។

CAPDI បានបញ្ជាក់បន្ថែមថា គណៈប្រតិភូក៏បានជួបជាមួយអ្នកសង្កេតការណ៍ជាតិ បេសកកម្មសង្កេតការណ៍របស់អង្គការអន្តរជាតិ និង អ្នកបោះឆ្នោត។ លក្ខខណ្ឌនានាត្រូវបានគេយកមកប្រើស ដើម្បីតាមដានការបោះឆ្នោត ពិនិត្យមើលភាព បើកចំហ សេរីភាព និងតម្លាភាពនៃដំណើរការបោះឆ្នោត។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានទៅមើលការិយាល័យបោះឆ្នោតភ្លាមៗ មុនពេលបើក និងមើល បុគ្គលិក គ.ជ.ប រៀបចំដើម្បីធានាឱ្យដំណើរការបោះឆ្នោតបានត្រឹមត្រូវ ស្របតាមការប្តេជ្ញាចិត្តរបស់អន្តរជាតិ។ គណៈប្រតិភូបានកត់សម្គាល់ឃើញថា អត្រាអ្នកទៅបោះឆ្នោតមានភាពល្អប្រសើរ ហើយបុគ្គលិក គ. ជ.ប ក៏បានធ្វើការដោយភាពត្រឹមត្រូវ និងភាពស្មោះត្រង់ផងដែរ។ ដើម្បីទទួលបានការយល់ដឹងច្រើនបំផុត អំពីដំណើរការបោះឆ្នោត គណៈប្រតិភូបានអនុវត្តសកម្មភាពសង្កេតការណ៍របស់ខ្លួននៅតាមការិយាល័យ បោះឆ្នោតចំនួនប្រាំមួយ នៅតាមតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ និងស្រុកមុខកំពូល។

«បរិយាកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា។ គណៈ ប្រតិភូមិនបានសង្កេតឃើញមានការតវ៉ាណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២២នោះទេ»។ នេះបើតាមការគូសបញ្ជាក់របស់ CAPDI។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ក៏បានសម្តែងអបអរសាទរចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត ហើយសូមជូនពរឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យគ្រប់បែបយ៉ាងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការ អភិវឌ្ឍន៍របស់ខ្លួន។ ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២២ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការជំរុញ កំណែទម្រង់ដែលកំពុងបន្តរបស់ព្រះរាជាណាចក្រ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ចំពោះសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។

ក្នុងស្មារតីនេះ គណៈប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ សហការក្នុងន័យស្ថាបនាជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោត ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ ការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ដើម្បីសុខុមាលភាពរបស់ ប្រជាជន បន្ថែមលើវឌ្ឍនភាពដែលរដ្ឋាភិបាល និងប្រជាជនសម្រេចបានរួចហើយ។ វាក៏ជាក្តីសង្ឃឹមរបស់គណៈប្រតិភូដែរថា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ គណបក្សប្រឆាំងនឹងបន្ត អនុវត្តតួនាទីរបស់ខ្លួនក្នុងការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕