(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ ដែលបានចូលរួមក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានចេញសេចក្តីថ្លងការណ៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា មានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សា។
តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News បានទទួល បានឱ្យដឹងថា «គណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសម្លេងឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការ បោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ ទី៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ»។
គណបក្សខ្មែរតែមួយ ក៏បានថ្លែងអំណរគុណចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ដែល ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទទួលយកបាន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕