(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានរូបភាពគំរាមកំហែងទេ។
សេចក្តីថ្លែងការណ៍របស់ គណបក្សយុវជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News បានទទួលបានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស ហើយគណបក្សយុវជនកម្ពុជា គឺបានចូលរួមប្រកួតប្រជែងផងដែរនោះ បានកត់សម្គាល់ឃើញថា ដំណើរការ នៃការបោះឆ្នោត គឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និង ក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករផងដែរ»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕