(ភ្នំពេញ)៖ យុវជនមួយរូបដែលប្រកបរបរលក់មីឆា តាមរឺម៉កម៉ូតូ បានឆ្លៀតមកបោះឆ្នោតទាំងមេឃកំពុងភ្លៀង ខណៈដែលការិយាល័យបោះឆ្នោតជិតដល់ម៉ោងបិទទ្វារទៅហើយ។ យុវជនរូបនេះ បានក្លាយទៅជាអ្នកបោះឆ្នោតចុងក្រោយគេនៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សាទួលគោក។

យុវជនដែលមានស្រុកកំណើតនៅស្រុកសំឡូត ខេត្តបាត់ដំបងរូបនេះ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់មានសារៈសំខាន់ណាស់ក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ។ ជាពេលវេលាផ្តល់អំណាចជូនដល់ប្រជាពលរដ្ឋ បានជ្រើសរើសមេឃុំ ឬចៅសង្កាត់ ដែលជាផ្តល់សេវាសាធារណៈផ្សេង ព្រមទាំងជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការធ្វើកិច្ចការផ្សេងៗជាប្រយោជន៍ក្នុងឃុំ ឬសង្កាត់។

យុវជនរូបនេះ ក៏បានបង្ហាញក្តីរីករាយដែលខ្លួនបានចូលរួមបោះឆ្នោតទាន់ពេលវេលា ដើម្បីជ្រើសចៅសង្កាត់មកពីគណបក្សនយោបាយដែលរូបគេពេញចិត្ត។ យុវជនរូបនេះ ក៏បានបង្ហាញផងដែរ ពីបរិយាកាសបោះឆ្នោត និងដំណើរការបោះឆ្នោតដែលមានភាពល្អប្រសើរ។ ជាពិសេសការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ។

យុវជនរូបនេះ រំពឹងថា មេឃុំដែលគេបានបោះឆ្នោតជូននោះ នឹងបំពេញតួនាទីបានល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវា និងប្រឹងប្រែងអភិវឌ្ឍន៍សង្កាត់ឱ្យកាន់តែល្អប្រសើរ។

យុវជនដែលកំពុងផ្ញើវាសនាក្នុងរាជធានីភ្នំពេញ ជាមួយការលក់មីឆានេះ មានមហិច្ឆតាចង់ក្លាយជាចុងភៅនាពេលអនាគត។ រូបគេកំពុងសន្សំថវិកាជាមួយរបរលក់មីឆា ដើម្បីឈានទៅការរៀនជំនាញចុងភៅ៕