(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា មានការិយាល័យជាង ៣០ការិយាល័យ ក្នុងចំណោមខេត្តចំនួន៧ ត្រូវបានផ្លាស់ប្តូរដោយសារតែជួបនឹងករណីប្រធានស័ក្តិ បាក់ស្រុតចូលទន្លេ។

ក្នុងសន្និសីទសារព័ត៌មានសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ លោក ទេព នីថា បានអះអាងយ៉ាងដូច្នេះថា៖ «ការិយាល័យដែលត្រូវបានផ្លាស់ប្តូរទីតាំងការិយាល័យ នៅមុនពេលបោះឆ្នោត ដោយករណីប្រធានស័ក្តិ ព្រោះតាមនីតិវិធីកំណត់ គ.ជ.ប ការិយាល័យដែលបានសម្រេចហើយមិនអាចផ្លាស់ប្តូរទេ លើកលែងតែករណីប្រធានស័ក្តិ ហើយការិយាល័យដែលផ្លាស់ប្តូរ ជាង៣០ការិយាល័យ នៅក្នុងខេត្តចំនួន៧ មូលហេតុចម្បងខេត្តតាមមាត់ទន្លេបានធ្លាក់ទៅក្នុងទន្លេ តែម្តង សម្រាប់ទីការិយាល័យ»

បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ បានបញ្ជាក់ថា សម្រាប់ការផ្លាស់ប្តូរការិយាល័យបោះឆ្នោតគឺមិនមែនចេះតែធ្វើនោះទេ ប៉ុន្តែ គណៈកម្មការៀបចំការបោះឆ្នោត អាជ្ញាធរឃុំ សង្កាត់ ជាមួយគណបក្សនយោបាយដែលឈរឈ្មោះ បានជជែកគ្នា និងមានការឯកភាពគ្នា ដោយស្នើសុំមកកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើការផ្លាស់ប្តូរការិយាល័យបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕