(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុបមិនចូលរួមសង្កេតការណ៍ នៅកម្ពុជាបោះឆ្នោតមិនបាននោះទេ។

ប្រធានគ.ជ.ប បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅស្នាក់ការរបស់គ.ជ.ប នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមានសំណួរពីអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ដូច្នេះថា៖ «ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុបមិនចូលរួម បោះឆ្នោតមិនបាននោះទេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម។ មានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោតនេះ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា ការចូលរួមបោះឆ្នោត និងចូលរួមប្រកួតប្រជែងរបស់ គណបក្សនយោបាយយ៉ាងច្រើននៅកម្ពុជា ក្នុងនោះមានគណបក្សប្រឆាំងដែរនោះ ជាចលនាប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ។

លោកលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតឃុំសង្កាត់លើកនេះ មានគណបក្សចូលរួមចំនួន ១៧គណបក្ស ហើយក្នុងនោះឃើញថា បក្សភ្លើងទៀន ឃើញធ្វើសកម្មភាពច្រើនដែរ ហើយគណបក្សផ្សេងៗទៀតដែលបង្កើតថ្មីនោះ ក៏មានដែរ អញ្ជឹងខ្ញុំគិតថា បើចូលរួមដល់១៧គណបក្សហើយ មិនប្រជាធិបតេយ្យទៀត ខ្ញុំក៏មិនយល់ដែរ មិនដឹងថាគេវាយតម្លៃយ៉ាងណា ប៉ុន្តែបើ២គណបក្សឡើងគឺប្រជាធិបតេយ្យហើយ»

ទោះជាយ៉ាងនេះក្តី បើតាមលោកប្រាជ្ញ ចន្ទ គ.ជ.ប បានខិតខំយ៉ាងខ្លាំងដើម្បីឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសច្ចភាព ត្រឹមត្រូវ និងយុត្តិធម៌។ លោកបញ្ជាក់ថា «យើងប្រឹងណាស់ គឺទី១ ការបោះឆ្នោតយើងធ្វើឱ្យត្រឹមត្រូវតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត ទី២ ធ្វើឱ្យគេមើលមកឃើញថា វាត្រឹមត្រូវ តម្លាភាព សច្ចភាព គ្មានការក្លែងបន្លំទេ យើងធ្វើគឺថារៀបចំឱ្យឃើ ញយ៉ាងបែបនោះតែម្តង ប៉ុន្តែត្រង់ថា ការវាយតម្លៃពេលខ្លះិមិនផ្តើមចេញពីការជាក់ស្តែងយ៉ាងណានោះ ខ្ញុំក៏មិនដឹងទេ ប៉ុន្តែគ.ជ.បយើងខ្ញុំនេះ ប្រឹងណា ធ្វើយ៉ាងណាឱ្យមានសច្ច យុត្តិធម៌ពិតប្រាកដ»។

ទោះបីជាការឃោសនា និងការបោះឆ្នោតដំណើរការទៅដល់រលូន និងបិទបញ្ចប់តាមពេលវេលា ប្រធានគ.ជ.ប ក៏នៅតែអំពាវនាវឱ្យគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ នៅក្រោយការបោះឆ្នោតផងដែរ៕