(ភ្នំពេញ)៖ នៅខណ្ឌឫស្សីកែវ ដែលមានមណ្ឌលបោះឆ្នោតចំនួន១៩ ស្មើនឹង ២០២ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជាកំពុងនាំមុខដាច់។ នេះបើតាមលោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះដែរថា នៅទូទាំងរាជធានីភ្នំពេញ គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់។ លោក ឃួង ស្រេង បានអះអាងទៀតថា សង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ នឹងទទួលបានចៅសង្កាត់ទាំងអស់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ។

ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។ នេះបើតាមការឲ្យដឹងពី មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕