(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ប្រធាន គជប ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ទោះបីជាមានផលរំខានខ្លះ ដោយកត្តាអាកាសធាតុ ប៉ុន្តែដំណើរការបោះឆ្នោតដំណើរការជាប្រក្រតី ដោយមិនមានរាំងស្ទះនោះទេ។
លោកបន្តថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ចាប់ពីម៉ោង៧ព្រឹក ការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបើកដំណើរការទាំងអស់ មិនមានការិយាល័យណាមួយមិនបើកនោះទេ។ ការបោះឆ្នោតដំណើរការ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល។
លោកបញ្ជាក់ទៀតថា ចំពោះការផ្សាយផ្ទាល់អំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាចនេះតទៅ តាមរយៈទូរទស្សន៍ជាតិ និងតាមប្រភពព័ត៌មានផ្លូវការមួយចំនួនទៀត។
សម្រាប់ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕