(កណ្តាល)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រក្សាឃុំសង្កាត់ នៅមណ្ឌលបោះឆ្នោត នាសាលាបឋមសិក្សាព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា នៅថ្ងៃអាទិត្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគាត់ពេញចិត្ត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕