(ភ្នំពេញ)៖ ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមស្ថានភាពទូទៅ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីដែលនាំឲ្យរារាំងដល់ដំណើរការបោះឆ្នោតនេះឡើយ»

សូមជម្រាបថា ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានបិទនៅទូទាំងប្រទេស នាវេលាម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាមួយស្ថានភាពយ៉ាងល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងដល់ដំណើរការនោះឡើយ។

លោក ឌឹម សុវណ្ណរុំ សមាជិក គជប និងជាប្រធានប្រតិកម្មព័ត៌មាន គជប បានថ្លែងការសន្និដ្ឋានបឋមថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ទទួលបានលទ្ធផលប្រមាណជាង៧០%»

នៅថ្ងៃអាទិត្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគាត់ពេញចិត្ត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕