(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅបោះឆ្នោតរួចហើយ នៅការិយាល័យលេខ ១៣៨៧ មណ្ឌលវត្តវង្គដ្ឋបូរី សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ។
សូមជម្រាបថា នៅថ្ងៃអាទិត្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគាត់ពេញចិត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕