(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ជាមួយភរិយាលោកស្រី អាន ផល្លា និងកូនស្រី បានអញ្ជើញទៅបោះឆ្នោតរួចហើយ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យបោះឆ្នោតលេខ១៧៩៣ ក្នុងវិទ្យាល័យ ជា ស៉ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
នៅថ្ងៃអាទិត្យនេះ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគេពេញចិត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕