(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី៥ខែមិថុនាឆ្នាំ២០២២នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅការិយាល័យវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទី ព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជាដើម។

បើតាមលោកស្រី ត្រាន់ សួគ៌ា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់អ្នកយកព័ត៍មានFresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា៖គិតត្រឹមម៉ោង២រសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះ ដែលជាថ្ងៃបោះឆ្នោត នៅទូទាំងខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួន៧២.៣%ហើយ។លោកស្រីបន្តទៀតថាខេត្តឧត្តរមានជ័យ មានការិល័យបោះឆ្នោតសរុប៣៩៩ការិយាល័ មានមណ្ឌុលបោះឆ្នោតចំនួន២៤ មានគណបក្សនយោបាយចំនួន៦បានចូលរួមប្រកួតប្រជែង មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១៤៥.៩៧៦នាក់។

លោកស្រី ត្រាន់ សួគ៌ា បានថ្លែងបញ្ជាក់ទៀតថា សកម្មភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ នៅទូទាំងខេត្តឧត្តរមានជ័យ មកដល់ម៉ោងនេះមានសភាពស្ងប់ស្ងាប់ល្អ នឹងកំពុងដំណើរការដោយរលូនជាធម្មតា៕