(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោតរួចហើយ នៅមណ្ឌលវត្តឧប្បលរតនារាម (ហៅវត្តធម្មយុត្ត) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកលោក តូច ប៉ូលីវ៉ា បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ។
បើតាមលោក ឯម សុទ្ធ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង បានឱ្យដឹងថា ខេត្តស្វាយរៀងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានមណ្ឌលបោះឆ្នោតចំនួន៨០ មណ្ឌលនិងការិយាល័យចំនួន ៩៨៤ការិយាល័យនឹងមនុស្សសរុបមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣៩១,៦២២នាក់។ ចំណែកកម្លាំងសន្តិសុខដែលប្រចាំការតាមមណ្ឌលនានា ក្នុងខេត្តស្វាយរៀង និងរៀបចំសណ្តាប់ធ្នាប់មានចំនួនសរុប ៣,១៦៦នាក់។អ្នកសង្កេតការណ៍មានចំនួន ៤,៤៩៨នាក់ និងភ្នាក់ងារគណបក្សនយោបាយ ៣២១៥នាក់ សមាគមន៍ អង្គការមានចំនួន៨។
លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានគណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែងមានចំនួន៩។
លោក ឯម សុទ្ធ បានបញ្ជាក់ថា រហូតដល់ម៉ោង១រសៀលនេះ មិនទាន់មានបាតុភាពអ្វីដែលរំខានដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ គឺបានប្រព្រឹត្តទៅដោយមានភាពរលូនគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នៅទូទាំងខេត្តស្វាយរៀង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕