(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យការិយាល័យតាមដាន និងគ្រប់គ្រងស្ថានការណ៍បោះឆ្នោត នៅក្នុងស្រុកចំនួន៣ នៃខេត្តកណ្ដាល គឺស្រុកកៀនស្វាយ, ស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល។

ការចុះពិនិត្យការិយាល័យតាមដាន និងគ្រប់គ្រងស្ថានការណ៍បោះឆ្នោតនេះ មានការអមដំណើរពីសំណាក់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។

បើតាមមន្ត្រីអមដំណើរមួយរូប បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា យោងតាមការពិនិត្យជាក់ស្ដែង ស្ថានភាពនៃការបោះឆ្នោត នៅខេត្តកណ្ដាល មានសភាពល្អប្រសើរ មិនមានស្ថានភាពអសន្តិសុខឡើយ ពោលគឺអាជ្ញាធរបានរៀបចំបានល្អ ហើយពលរដ្ឋជាច្រើនកុះករ បានអញ្ជើញមកបោះឆ្នោតប្រកបដោយសុខសុវត្ថិភាព និងការពេញចិត្ត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕