(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅការិយាល័យសាលាបឋមសិក្សាត្បែងមានជ័យ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះដែរ លោក ប្រាក់ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ៈ០០នាទី ព្រឹក ដល់ម៉ោង ៣ៈ០០នាទី រសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជាដើម។
បើតាមលោក ជោ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា៖ គិតត្រឹមម៉ោង ១រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលជាថ្ងៃបោះឆ្នោតនៅទូទាំងខេត្តព្រះវិហារ មានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួន ៧៥.៨៤% ហើយ។
លោកបន្តទៀតថា ខេត្តព្រះវិហារ មានការិល័យបោះឆ្នោតសរុប ៣៤៩ការិយាល័ មានគណបក្សនយោបាយចំនួន៩ បានចូលរួមប្រកួតប្រជែង មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១៤៣,៤៩៤នាក់។
លោក ជោ ម៉ាប់ បានបញ្ជាក់ទៀតថា សកម្មភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ នៅទូទាំងខេត្តព្រះវិហារ មកដល់ម៉ោងនេះមានសភាពស្ងប់ស្ងាប់ល្អ នឹងកំពុងដំណើរការដោយរលូនជាធម្មតា៕