(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទីមួយនៃក្រុមការងារបក្យចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកទី៥ ខែមិថុនា ឆ្នាំ ២០២២នេះ បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅការិយាល័យបោះឆ្នោតស្ថិតក្នុងវត្តស្វាយជីអោប ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវផ្តើមប្រព្រឹត្តទៅនៅព្រឹកនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល។
បើតាម គ.ជ.ប បានឲ្យដឹងថាឃុំ-សង្កាត់ទូទាំងប្រទេសក្នុងអាណត្តិទី៥នេះមានចំនួន១,៦៥២ឃុំ-សង្កាត់។ ចំណែកឯអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់វិញមានសរុបចំនួន១១,៦២២អាសនៈ។ ដោយឡែកប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន៩,២០៥,៦៨១នាក់ ស្មើនឹង៨៧.៩៤ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន៤,៩០៤,៨៣២នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានសិទ្ធិស្មើៗគ្នាបោះឆ្នោតម្នាក់មួយសន្លឹកដូចៗគ្នា ដើម្បីបង្ហាញការគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
គិតចាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេល១៤ថ្ងៃ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃសរហូតមកដល់ព្រឹកថ្ងៃបោះឆ្នោតថ្ងៃទី៥ ខែមិថុនានេះ បរិយាកាសជារួមនៃដំណើរការបោះឆ្នោតបានប្រព្រឹត្តក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ល្អគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សម្រាប់ព្រឹកនេះវិញការិយាល័យបោះឆ្នោតនីមួយៗបានបើកទ្វារទទួលប្រជាពលរដ្ឋមកបោះឆ្នោតជាមួយនឹងវត្តមានមកបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលជាការបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋបានផ្ដល់ការគាំទ្រខ្ពស់ដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈយន្តការជ្រើសរើសមេដឹកនាំដោយការបោះ ឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមបញ្ចាក់ថា កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥ដង រួចហើយរាប់ទាំងការបោះឆ្នោតនៅថ្ងៃនេះ។ ការបោះឆ្នោតអាណត្តិទី១បានធ្វើឡើងកាលពីឆ្នាំ២០០២ និងជាបន្តបន្ទាប់នៅឆ្នាំ២០០៧ ឆ្នាំ២០១២ ឆ្នាំ២០១៧ និងឆ្នាំ២០២២នេះ។ តាមរយៈការបោះឆ្នោតនេះប្រជាពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំឃុំ-សង្កាត់ខ្លួនដោយផ្ទាល់ជារៀងរាល់៥ឆ្នាំម្ដង៕