(ភ្នំពេញ)៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដំណើរការទៅក្រោមបរិយាកាសយ៉ាងល្អប្រសើរ។ ចាប់ពីវេលាម៉ោង៧ព្រឹក ជាម៉ោងដែលការិយាល័យបោះឆ្នោតបានបើកទ្វារនោះ គេសង្កេតឃើញថា នៅគ្រប់ការិយាល័យទូទាំងប្រទេសចំនួន ២៣,៦០២ការិយាល័យ មានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនកុះករគួរឱ្យកត់សម្គាល់។

ការបោះឆ្នោតបានដំណើរយ៉ាងឆាប់រហ័ស។ ទិន្នន័យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា គិតត្រឹមម៉ោង១១ មានប្រជាពលរដ្ឋរហូតដល់ទៅជាង ៥៦ភាគរយ ស្មើនឹងជាង ៥លាននាក់ បានអញ្ជើញទៅបោះឆ្នោតរួចរាល់។

ក្នុងដំណើរការបោះឆ្នោតពេញមួយព្រឹកនេះទៀតសោត គេបានសង្កេតឃើញថា គ្រប់មណ្ឌលបោះឆ្នោតត្រូវបានដំណើរការទៅក្រោមបរិយាកាសល្អប្រសើរ រក្សាបាននូវរបៀបរៀបរយ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត។ ប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត គេបានសង្កេតឃើញថា មានទឹកមុខញញឹម សប្បាយរីករាយ ដែលជាសញ្ញាបង្ហាញឱ្យឃើញនូវការពេញចិត្ត ការរីករាយចំពោះការបោះឆ្នោតនេះ។

ក្រឡេកទៅលើបណ្តាញសង្គមវិញ គេបានឃើញថា ប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតហើយនោះ បានថតរូបម្រាបដៃជ្រលក់ទឹកថ្នាំ បង្ហាញពីការបានចូលរួមបោះឆ្នោត អមជាមួយសារអំពាវនាវឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។

ក្រៅតែពីតាមមណ្ឌលបោះឆ្នោត នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេក៏សង្កេតឃើញថា មានការធ្វើចរាចរណ៍កកកុញ និងមានសភាពមមាញឹកជាធម្មតា។ រីឯការប្រកបរបរអាជីវកម្មនានា ក៏នៅតែបន្តជាប្រក្រតី ប្រជាពលរដ្ឋត្រឡប់ពីការបោះឆ្នោត ក៏មានការជួបជុំ និងជជែកកម្សាន្ត ឬក៏បំពេញការងាររបស់ពួកគេជាប្រក្រតីផងដែរ។

តាមរយៈរូបភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានការគិត មានទំនុកចិត្តកាន់តែខ្លាំងចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ផ្ទុយខុសពីការបោះឆ្នោតអាណត្តិមុនៗ។ ការបោះឆ្នោតក្នុងអាណត្តិមុនៗ ប្រជាពលរដ្ឋតែងតែមានការព្រួយបារម្ភចំពោះស្ថានភាពប្រែប្រួលក្នុងសង្គម ជាពិសេសបារម្ភខ្លាចមានបាតុភាពវឹកវរណាមួយកើតមានក្រោយពេលបោះឆ្នោត។ ការព្រួយបារម្ភនោះ នាំឱ្យមានប្រជាពលរដ្ឋខ្លះទិញស្បៀងអាហារទុក ជាហេតុនាំឱ្យមានអតិផរណាទំនិញលើទីផ្សារក៏មាន។

ទិដ្ឋភាពការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា នាអាណត្តិទី៥នេះ បានស្តែងឱ្យឃើញពីការជ្រូតជ្រាបកាន់តែច្បាស់ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឬអាចនិយាយបានថា ដំណើរការប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅ កាន់តែរឹងមាំនៅក្នុងសង្គមកម្ពុជា។ ប្រជាពលរដ្ឋបានយល់ថា ការបោះឆ្នោតគ្រាន់តែជាដំណើរជ្រើសរើសមេដឹកនាំតាមឆន្ទៈរបស់ប្រជាពលរដ្ឋ មិនមែនជាសមរភូមិដណ្តើមអំណាចនោះឡើយ។

កម្ពុជាជាប្រទេសដែលធ្លាប់តែប្រើចុងកាណុង ប្រើកម្លាំង ដើម្បីដណ្តើមអំណាចកាលពីអតីតកាល ហើយនាំមកនូវសោកនាដកម្ម វិនាសសកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ការប្តូររបត់នយោបាយពីការផ្លាស់ប្តូរមេដឹកនាំដោយប្រើចុងអាវុធ មកប្រើសំឡេងប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យ គឺជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរ។

សូមឱ្យលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ត្រូវបានទទួលយកពីគ្រប់គណបក្សនយោបាយ និងក្លាយទៅជាការសាទររបស់ប្រជាពលរដ្ឋគ្រប់រូប។ សូមឱ្យគ្រឹះប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំ ជាម្លប់ត្រជាក់ត្រជុំសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕