(ស្វាយរៀង)៖ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅការិយាល័យសាលាមត្តេយ្យកុមារថ្មី ក្រុងស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទី ព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជាដើម។
បើយោងតាមលោក ឯម សុទ្ធ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានមណ្ឌលបោះឆ្នោតចំនួន៨០ មណ្ឌលនិងការិយាល័យចំនួន ៩៨៤ ការិយាល័យនឹងមនុស្សសរុបមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣៩១៦២២នាក់។
ចំណែកកម្លាំងសន្តិសុខដែលប្រចាំការតាមមណ្ឌលនានាក្នុងខេត្តស្វាយរៀងនិងរៀបចំសណ្តាប់ធ្នាប់មានចំនួនសរុប៣១៦៦នាក់។អ្នកសង្កេតការណ៍មានចំនួន៤៤៩៨នាក់និងភ្នាក់ងារគណបក្សនយោបាយ៣២១៥នាក់ សមាគមន៍ អង្គការមានចំនួន៨។
លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានគណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែងមានចំនួន ៩គណបក្សក្នុងនោះ៖ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។
លោក ឯម សុទ្ធ បានបញ្ជាក់ថារហូតដល់ម៉ោង១២ព្រឹកនេះ មិនទាន់មានបាតុភាពអ្វីដែលរំខាន ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេគឺបានប្រព្រឹត្តទៅដោយមានភាពរលូនគ្រប់មណ្ឌលបោះឆ្នោត ទាំងអស់នៅទូទាំងខេត្តស្វាយរៀង៕