(បាត់ដំបង)៖ រូបភាពមួយសន្លឹកបង្ហាញពីស្ត្រីម្នាក់កំពុងមានជំងឺឈឺថ្កាត់ ខណៈដៃខាងឆ្វេងបន្ដោងសារ៉ូមពេទ្យ និងមានកូនស្រីម្នាក់ជួយកាន់ឈើបន្តោងសារ៉ូម និងកូនស្រីម្នាក់ជួយគ្រាម្ដាយដើរតម្រង់ទៅកាន់ការិយាល័យបោះឆ្នោត ដែលទោះជាមួយគាត់មានជំងឺឈឺលំបាកក្នុងខ្លួនយ៉ាងណា ក៏ស្ត្រីរូបនេះនៅតែប្រឹងទៅបោះឆ្នោតឱ្យបានដូចគ្នា។
រូបភាពនេះគឺនៅមណ្ឌលបោះឆ្នោតមួយនៅឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលត្រូវបានចែកចាយតាមរយៈលោក សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង ដែលលោកបានផ្ដិតយកបានចំពេលដែលលោកទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២២នេះ។
លោក សុខ ផល បានបញ្ជាក់ទៀតថា ស្ត្រីរូបនេះគឺបានឱ្យកូនស្រីទាំងពីរនាក់ជូនមកបោះឆ្នោត ដែលគាត់មានជំងឺប្រចាំកាយ ហើយក្នុងពេលស្ត្រីរូបនេះមកបោះឆ្នោតនោះទៀតសោត គឺឃើញមានបន្តោងសារ៉ូមពេទ្យទៀតផង។
នាខណៈពេលចូលរួមបោះឆ្នោតនោះ សាធារណជនទូទៅ រួមទាំងលោក សុខ ផល ផងនោះបានកោតសរសើរដល់ទឹកចិត្តពុះពារតស៊ូរបស់ស្ត្រីរូបនោះ ទោះបីឈឺជាប់បន្តោងសារ៉ូមយ៉ាងណា ក៏ខំមកបោះឆ្នោតនឹងគេទាល់តែបាន។
លោក សុខ ផល បានបន្តទៀតថា បរិយាកាសនៅមណ្ឌលបោះឆ្នោតខេត្តបាត់ដំបងគឺមានលក្ខណៈល្អប្រសើរ ហើយមានប្រជាពលរដ្ឋចូលរួមបានច្រើនកុះករ៕