(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ការិយាល័យបោះឆ្នោតទាំង ២៣,៦០២ នៃរាជធានី-ខេត្តទាំង២៥ បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥នេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតសកលដែលមានការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។ អ្នកបោះឆ្នោតត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ប្រសិនបើអ្នកបោះឆ្នោតពុំមាន អ.ខ។
អ្នកបោះឆ្នោតត្រូវតម្រូវឱ្យឈរបន្តគ្នាជាជួរនៅខាងមុខការិយាល័យ ដើម្បីចូលទៅបោះឆ្នោតតាមលំដាប់។ ដោយឡែកព្រះសង្ឃ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនមានពិការភាព និងអ្នកមានជំងឺ ត្រូវបានផ្ដល់អាទិភាព។
ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ៣:០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
សូមជម្រាបជូនថា តាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត គឺមានចំនួនសរុប ៩,២០៥,៦៨១នាក់ ខណៈការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន ២៣,៦០២ការិយាល័យ៕