(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋគ្រប់គ្នាដែលមានឈ្មោះក្នុងបញ្ជី នាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចមិនទៅចូលរួមបោះឆ្នោតឡើយ ដោយអះអាងថា មិនមានបក្សណាមួយដែលលោកជ្រើសរើសទេ។
នេះជាការបញ្ជាក់របស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា ដល់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអាទិត្យនេះ ដោយលោកលើកឡើងដូច្នេះថា៖ «ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោកជ្រើសរើស»។
ក្រៅពីលោក កឹម សុខា, ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិជាច្រើនទៀត ក៏សម្រេចមិនចូលរួមបោះឆ្នោតដូចលោក កឹម សុខា ផងដែរ។
ទោះជាយ៉ាងនេះក្តី លោក មុត ចន្ថា បានប្រកាសតាមបណ្តាញសង្គមថា អ្វីដែលបក្សភ្លើងទៀនកំពុងឃោសនាថា បក្សខ្លួន និងបក្សសង្រ្គោះជាតិ គឺតែមួយគឺជាអំពើបោកប្រាស់ និងបំភ័ន្តមតិ ហើយពិសេសនោះការយកឈ្មោះបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយទៅភ្ជាប់ ដើម្បីឃោសនារកសម្លេងគាំទ្រ គឺជាអំពើរំលោភពានលើច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជា និង នីតិវីធី គជប ហើយនិងសាលដីការបស់តុលាការកំពូល៕