(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លាង ហៃ ជាវតាយ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យលេខ០៦០៦ នៃមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមលោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ២៨៧,០៧៨នាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត, មានការិយាល័យបោះឆ្នោត ៧៣៨កន្លែង និងមានគណបក្សនយោបាយចំនួន ០៧ចូលរួម។ អ្នកគាំទ្រគណបក្សនយោបាយបានចូលរួមហែរក្បួនឃោសនា អស់រយៈពេល១៤ថ្ងៃកន្លងមក ដែលបានកំណត់ដោយច្បាប់ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ គណបក្សនយោបាយទាំង០៧ នៅក្នុងខេត្តពោធិ៍សាត់រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ៊្វុនស៊ុនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សសញ្ញាតិកម្ពុជា និងគណបក្សកែទម្រង់កម្ពុជា។
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈវិទ្យុ ទូរទស្សន៍ និងខិតប័ណ្ណផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ទទួលបានការយល់ដឹង អំពីនីតិវិធី នៃការបោះឆ្នោត ក៏ដូចជាឱ្យទៅមើលឈ្មោះនៅតាមការិយាល័យបោះឆ្នោត តាមឃុំ-សង្កាត់។ ជាមួយគ្នានោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក៏បានធ្វើការអំពាវនាវ ដល់គណបក្សនយោបាយ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវរក្សាភាពស្ងប់ស្ងាត់ មុនពេល និង ក្រោយថ្ងៃបោះឆ្នោត កុំប្រើប្រាស់នូវគ្រឿងស្រវឹង និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតខេត្ត បានថ្លែងថា ក្នុងឱកាសអញ្ជើញទៅកាន់មណ្ឌលបោះឆ្នោត នៃសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងការិយាល័យលេខ ០៦០៦នោះថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋទាំង២៨៧,០៧៨នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបង្ហាញនូវឆន្ទៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។
ការបោះឆ្នោតនាពេលនេះ ក៏ដូចការបោះឆ្នោតនាពេលកន្លងមក នៅក្នុងខេត្ត គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សា ហើយមានអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ របស់គណបក្សនយោបាយជាច្រើនរូប បានចូលរួមសង្កេតការណ៍តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។
លោកបានបញ្ជាក់ថា កម្ពុជាដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ បានបន្តរៀបចំបោះឆ្នោត នៅរៀងរាល់៥ឆ្នាំម្តង ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាស ចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិ ក៏ដូចនៅក្នុងខេត្ត ដោយសេរី ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យកាន់តែរឹងមាំថែមទៀត។
លោកបានកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យ សេរី តម្លាភាព សន្តិភាព និងគ្មានអំពើហឹង្សា ប្រជាពលរដ្ឋនៅក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញលេញ នូវសិទ្ធរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ប្រកបភាពរីករាយ ថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាម្ចាស់ ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ឱ្យបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរយៈពេល៥ឆ្នាំទៅមុខទៀត។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ បានបង្ហាញពីគោលបំណង អំពីការធានារក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ មិនឱ្យប្រទេសជាតិយើងមានសង្គ្រាមនោះឡើយ។
ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ថ្នាក់ គ្រប់ផ្នែក កងកម្លាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការណ៍ និងបង្កលក្ខណៈល្អគ្រប់ការិយាល័យបោះឆ្នោត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាព នៃខេត្តពោធិ៍សាត់៕