(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកស្រី ស្រី ប៊ុណ្ណាដាវី នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅបោះឆ្នោត នៅមណ្ឌលវិទ្យាល័យជាស៊ីម តាកែវ នៅក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅក្នុងខេត្តតាកែវ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះ រហូតដល់ម៉ោង ៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៣ បានចូលរួមប្រកួតប្រជែងដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៤,៦៥៥នាក់ ដណ្ដើមយកអានៈ៧៣៦ នៅក្នុងឃុំ សង្កាត់ទាំង១០០។
នៅថ្ងៃអាទិត្យនេះ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគេពេញចិត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕