(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវបានដំណើរការតាមការគ្រោងទុកនៅវេលាម៉ោង៧ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ គ្រាន់តែការិយាល័យបោះឆ្នោតបើកទ្វារភ្លាម ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតបានឈរត្រៀបត្រានៅមទ្វារការិយាល័យរង់ចាំចូលរួមបោះឆ្នោត។
ការិយាល័យបោះឆ្នោតលេខ១៦៩៧ នៅមណ្ឌលបោះឆ្នោតក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ គេបានសង្កេតឃើញថា ប្រជាពលរដ្ឋបានអញ្ជើញទៅចូលរួមបោះឆ្នោតប្រកបដោយទឹកមុខរីករាយ ដោយមិនមានការផិតភ័យ ឬរងសម្ពាធណាមួយនោះឡើយ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតក្នុងការិយាល័យនេះ បានថ្លែងកោតសរសើរចំពោះការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរៀបចំបានល្អ ហើយសន្តិសុខសណ្តាប់ក៏មានភាពល្អប្រសើរផងដែរ។ ការបោះឆ្នោតត្រូវបានធ្វើឡើងក្រោមបរិយាកាសល្អ ជាសម្ងាត់ ហើយមិនមានការគំរាមកំហែងណាមួយដល់ផ្លូវចិត្តរបស់គាត់នោះឡើយ។
ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោត ក៏បានបង្ហាញទំនុកចិត្តផងដែរថា ការបោះឆ្នោតនេះនឹងដំណើរការទៅប្រកបដោយយុត្តិធម៌ ហើយពួកគាត់ក៏មិនបារម្ភរឿងសន្លឹកឆ្នោតរបស់ពួកគាត់ត្រូវគេលួច ឬបន្លំនោះឡើយ។ ទំនុកចិត្តបែបនេះ ដោយសារតែនៅតាមការិយាល័យនីមួយៗមានតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍មកពីស្ថាប័ននានា ធ្វើជាភ្នែកជាច្រមុះរបស់ពួកគាត់ឃ្លាំមើលលើការទុកដាក់ និងរាប់សន្លឹកឆ្នោត។
ប្រជាពលរដ្ឋ បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះការរៀបចំបោះឆ្នោត ក៏ដូចជាដំណើរប្រជាធិបតេយ្យនៅកម្ពុជា ហើយចង់ឃើញដំណើរប្រជាធិបតេយ្យនេះចាក់គ្រឹះកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់។ ជាការបោះឆ្នោតផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានជ្រើសរើសថ្នាក់ដឹកនាំឃុំ/សង្កាត់ ដែលមានសមត្ថភាព មានការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងកសាងឃុំ/សង្កាត់ឱ្យកាន់តែប្រសើរ។
ប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតនេះ សុទ្ធតែបានបង្ហាញការរំពឹង និងចង់ឃើញមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សនយោបាយដែលគេបោះឆ្នោតជូននោះ ធ្វើការងារកាន់តែសកម្មក្នុងការបម្រើប្រជាពលរដ្ឋ ហើយជួយកសាង និងអភិវឌ្ឍន៍ឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។
ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕