(ភ្នំពេញ)៖ លោក បណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ននិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទៅបោះឆ្នោតរួចហើយ នៅការិយាល័យលេខ០០៣៣ ក្នុងវិទ្យាល័យជាសុីម បឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕