(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកទៅបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតទូទាំងខេត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោតបង្ហាញនូវទឹកមុខញញឹមស្រស់ស្រាយគ្រប់ៗគ្នា។

ដោយឡែកនៅការិយាល័យបោះឆ្នោត នៅក្នុងវត្តខ្សាមសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ប្រកបដោយទឹកមុខស្រស់ស្រាយ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំំពង់ឆ្នាំង មានឱ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតដំបូង គឺពី២១ខែ ឧសភា រហូតមកដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបិទបញ្ចប់ការឃោសនារកសំឡេងឆ្នោត គ្រប់គណបក្សនយោបាយ។ សម្រាប់ខេត្តកំពង់ឆ្នាំង មិនមានជួបបញ្ហាអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ រីឯនៅថ្ងៃទី៤ ខែមិថុនា ដែលជាថ្ងៃគណបក្សនយោបាយទាំងអស់ ត្រូវស្ងាត់ស្ងៀម ឬក៏ថ្ងៃ (ស) នៅខេត្តកំពង់ឆ្នាំង ក៏មិនមានជួបបញ្ហាអ្វីនោះដែរ។

លោកអភិបាលខេត្តបានបន្តថា សម្រាប់នៅព្រឹកថ្ងៃទី៥ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៥ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតយ៉ាងច្រើនកុះករ ទូទាំងខេត្តកំពង់ឆ្នាំង ប្រកបទៅដោយទឹកមុខរីករាយ ដោយសារតែសមត្ថកិច្ចរក្សាបាននូវសន្តិសុខល្អ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿមិនមានការភ័យខ្លាច ក្នុងការចូលរួមបោះឆ្នោត ព្រោះតែសុខសុវត្ថិភាពនេះហើយ។

តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង លោកស្រី នួន ចាន់នី ថា ខេត្តកំពង់ឆ្នាំង មានគណបក្ស ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១គណបក្ស។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានរៀបចំចែកចេញជា ៧១មណ្ឌល មាន ៨០៧ការិយាល័យ មានប្រជាពលរដ្ឋគ្រប់អាយុត្រូវបោះឆ្នោតចំនួន ៣៩០,២១៤នាក់។

ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន ៣៤៣,៣៦៨នាក់។ ចាប់តាំងពីដំណើរការឃោសនាបោះឆ្នោតថ្ងៃទី២១ ខែឧសភា ដល់ព្រឹកថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២ គឺមានបណ្ដឹងតវ៉ាតែមួយករណីប៉ុ ណណោះ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលសមាជិកគណបក្សមួយបានប្ដឹង។ ប៉ុន្តែ ដោយសង្កេតឃើញថាមិនបានប៉ះពាល់ដល់ដំណើរការបោះឆ្នោត ទើបខាងគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត ជូនដំណឹងទៅសាមីដើមវិញរួចហើយ។

ដោយឡែកតាមការបញ្ជាក់របស់ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងដំណើរការឃោសនារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងការពារតាមកូដគ្រប់បណ្ដាគោលដៅមានចំនួន ១,១៨០នាក់ និងប្រជាការពារមានចំនួន ៨៤២នាក់៕