(កំពង់ឆ្នាំង)៖ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅសាលាឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តពង់ឆ្នាំង ចំនួន២០គ្រួសារ មកពីឃុំសេដ្ឋី ឃុំឈានឡើង ឃុំខ្នារឆ្មា ក្នុងនោះមានរលំផ្ទះទាំងស្រុង១២គ្រួសារ ដោយ១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម តង់១ មី១កេស ត្រីខ១០កំប៉ុង ឃីដ១កញ្ចប់ ទឹកបរិសុទ្ធ១កេស និងថវិកា ១០០០០០រៀល។
ចំពោះផ្ទះដែល ប៉ើងដំបូល៨គ្រួសារ មកពីឃុំសេដ្ឋី ឃុំធ្លកវៀន និងឃុំឈានឡើង ទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីដ១កញ្ចប់ ទឹកបរិសុទ្ធ១កេស និងថវិកា៥០០០០រៀល។
បន្ទាប់ពីបានចុះចែកជំនួយសង្គ្រោះបន្ទាន់រួចមក លោករដ្ឋមន្ត្រី បានចុះចែកទឹកសុទ្ទ និងទឹកស្អាត សម្រាប់ប្រើប្រាស់ដោយផ្ទាល់ នៅឃុំក្រាំងល្វា ដល់ប្រជាពលរដ្ឋ ចំនួន៨៨៧គ្រួសារ មកពី០៥ភូមិ គឺ ភូមិតាំងគ្រួសកើត ភូមិតាំងគ្រួសលិច ភូមិជ្រេស ភូមិខ្សាច់ស និងភូមិសំបុក្រគ្រាល។
ដោយមានការចូលរួមពី កងពលតូចលេខ៧០ រថយន្តដឹកទឹកស្អាត ត្រូវដាក់ប្រចាំការសំរាប់ដឹកទឹក ចែកជូនប្រជាពលរដ្ឋក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះជាសកម្មភាពយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ ហើយលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ដែលតែងតែជួយដល់ ប្រជាពលរដ្ឋក្នុងស្រុក ពោលគឺមិនឲ្យប្រជាពលរដ្ធណាម្នាក់ ជួបខ្វះទឹកនោះទ្បើយ៕