(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ប៉ុន្តែនៅថ្ងៃពិសេសនេះមានជនអនាមិកបាន បង្ហោះវិដេអូមួយនៅលើបណ្តាញសង្គម ដែលវិដេអូនេះបង្ហាញពីសកម្មភាពក្រុមសកម្មជនគណបក្សភ្លើងទៀននាំគ្នាតវ៉ាអុកឡុក ទីតាំងការិយាល័យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ស្ថិតនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ឌឹម សុវណ្ណរុំ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា វិដេអូដែលបានបង្ហោះ នោះគឺវិដេអូចាស់ ដែលបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ អ្វីដែលជនអនាមិកយកមកបង្ហោះនៅថ្ងៃនេះ គោលបំណងធ្វើឲ្យមានការភាន់ច្រឡំថា កើតមាននៅថ្ងៃនេះតែតាមពិតជាវិដេអូចាស់ទេ និងលោកបញ្ជាក់ជូនថា ស្ថានភាពការបោះឆ្នោតនៅគ្រប់ការិយាល័យទាំងអស់ចំនួន២៣៦០២ ការិយាល័យបាន និងកំពុងដំណើរការយ៉ាងលូន មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ក្នុងនាម គជប លោក ឌឹម សុវណ្ណរុំ ស្នើឲ្យអ្នកបង្ហោះវិដេអូនេះ លុបចេញជាបន្ទាន់ ដើម្បីជៀសវាងការភាន់ច្រឡំ និងពាក់ព័ន្ធបញ្ហាខាងផ្លូវច្បាប់ ស្របតាមច្បាប់ គជប មាត្រា៤២ ដែលចែងថា គជប ត្រូវចាត់ការវិធានការតាមគ្រប់រូបភាព ដើម្បីធានាថាការបោះឆ្នោតប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម។
ខ្ញុំសូមអំពាវនាវម្ចាស់ឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា!៕