(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ នេះបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ឯម សុទ្ធ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានឱ្យដឹងថា នៅខេត្តស្វាយរៀង មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានចំនួនសរុប៣៩១,៦២២នាក់។
លោក ឯម សុទ្ធ បានបន្តថា ខេត្តស្វាយរៀងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានមណ្ឌលបោះឆ្នោតចំនួន៨០មណ្ឌល និងការិយាល័យចំនួន៩៨៤ការិយាល័យ។ ចំណែកកម្លាំងសន្តិសុខដែលប្រចាំការតាមមណ្ឌលនានាក្នុងខេត្តស្វាយរៀង និងរៀបចំសណ្តាប់ធ្នាប់មានចំនួនសរុប៣,១៦៦នាក់ ខណៈអ្នកសង្កេតការណ៍មានចំនួន៤,៤៩៨នាក់ និងភ្នាក់ងារគណបក្សនយោបាយ៣,២១៥នាក់ សមាគមន៍-អង្គការមានចំនួន៨អង្គភាព។
លោកបានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ នៅខេត្តស្វាយរៀងមានគណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែងមានចំនួន៩គណបក្ស ក្នុងនោះរួមមាន៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សភ្លើងទៀន
៣. គណបក្សហ៊្វុនស៊ិនប៉ិច
៤. គណបក្សខ្មែររួបរួមជាតិ
៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧. គណបក្សយុវជនកម្ពុជា
៨. គណបក្សកម្ពុជានិយម
៩. គណបក្សសញ្ជាតិកម្ពុជា។
លោក ឯម សុទ្ធ បានបញ្ជាក់ថា រហូតដល់ម៉ោង៨ព្រឹកនេះ មិនទាន់មានបាតុភាពអ្វីដែលរំខាន ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ គឺបានប្រព្រឹត្តទៅដោយមានភាពរលូនគ្រប់មណ្ឌលបោះឆ្នោតទាំងអស់នៅទូទាំងខេត្តស្វាយរៀង។
ជាមួយគ្នានោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជាដើម។
លោក សរ សុដានី ជាប្រជាពលរដ្ឋម្នាក់បានសម្ដែងចិត្តសប្បាយរីករាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដើម្បីជ្រើសរើសចៅសង្កាត់ និងមេឃុំដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបន្តការងារអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនជាបន្តទៀត ជាពិសេសរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ពលរដ្ឋរូបនេះបានបន្តថា ការមកបោះឆ្នោតនេះ គឺដើម្បីបំពេញតួនាទីជាពលរដ្ឋគំរូដែលស្រលាញ់ជាតិមាតុភូមិ៕