(កំពង់ធំ)៖ នៅម៉ោង៦ជាង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អភិបាលរងខេត្តកំពង់ធំ និងប្រជាពលរដ្ឋយ៉ាងច្រើនបានទៅបោះឆ្នោត ដែលសបញ្ជាក់ឱ្យឃើញពីការយកចិតដាក់ប្រកាន់នូវលទ្ធិប្រជាធិបតេយ្យដល់មូលដ្ឋាន។
ជាមួយគ្នានោះ គេសង្កេតឃើញគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតកំពុងតែមមាញឹកបំពេញការងារតាមភារិច្ចរបស់ខ្លួន ហើយក៏មានអ្នកសង្កេតការណ៍មកពីបណ្តាគណបក្សនយោបាយ និងសង្កេតការណ៍ជាតិនៅតាមការិយាល័យបោះឆ្នោតផងដែរ។
លោក ប្រែង សាវុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ តាមរយៈទូរស័ព្ទបានឲ្យដឹងថា នៅវេលាម៉ោង៧៖០០នាទីព្រឹក គ្រប់ការិយាល័យបោះឆ្នោតបានបើកដំណើរការបោះឆ្នោតទាំងអស់ដោយមិនមានការិយាល័យណាមួយមានបញ្ហានោះទេ។
លោកបានបន្តថា ការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ធំមានចំនួន១,១៤២ការិយាល័យ ដែលមានមន្រ្តីបម្រើការសរុបចំនួន៦,៨៥២នាក់ និងប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោតសរុបចំនួន៤១២,១៣៦នាក់។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំបានបន្តទៀតថា ចំពោះការចែកប័ណ្ណព័ត៌មានប័ណ្ណសរុបចំនួន៤៣១,៧៧៦ប័ណ្ណ ចែកបាន៤២០,០២៧ប័ណ្ណ នៅសល់១១,៧៤៩ប័ណ្ណ ស្មើនឹង៩៧.២៨ភាគរយ និងចំនួនសរុបអ្នកបោះឆ្នោតប្រើប្រាស់ (អខ.១), (អខ.២) និង (ឯ.អ) មាន៦០,៥៦៩នាក់។
ក្នុងចំណោមគណបក្សនយោបាយចំនួន១៧គណបក្ស ដែលមានចុះឈ្មោះនៅក្រសួងមហាផ្ទៃ មានគណបក្សនយោបាយចំនួន១៣ បានចុះឈ្មោះក្នុងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ និងមានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិសរុបចំនួន៦,០៣០នាក់ (ស្រី២,០០៥នាក់) និងមានភ្នាក់ងារគណបក្សនយោបាយចំនួន៥,២៨១នាក់ (ស្រី១,៩៧២នាក់)។
បើតាមលោក ប្រែង សាវុត គណនយោបាយទាំង១៣នៅខេត្តកំពង់ធំនោះ រួមមាន៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សហ្វ៊ុនស៊ិនប៉ិច
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សកម្ពុជានិយម
៥. គណបក្សខ្មែរស្រឡាញ់ជាតិ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សប្រជាធិតេយ្យមូលដ្ឋាន
៨. គណបក្សឆន្ទៈខ្មែរ
៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១០. គណបក្សកែទម្រង់កម្ពុជា
១១. គណបក្សភ្លើងទៀន
១២. គណបក្សខ្មែរតែមួយ
១៣. គណបក្សយុវជនកម្ពុជា។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំរូបនេះក៏បានសំណូមពរ ក៏ដូចជាអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ពិសេសគណបក្សនយោបាយសូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត ព្រមទាំងសូមមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក៕