(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក និងលោក សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងលោក សុខ លូ ប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់់ធំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលរួមជាគណៈអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិ-ឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចំនួន៧ឃុំ មានភូមិ៦៤ភូមិ ហើយអ្នកចូលរួមសរុប ចំនួន៣៧៧នាក់ (ស្រី១៤៥នាក់)។
ថ្លែងក្នុងពិធីប្រកាសនេះ លោក ជា អឿង បានលើកឡើងថា «នេះជាប្រវត្តិសាស្ត្រថ្មីមួយ ដែលកើតចេញពី ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ខ្ញុំស្នើឲ្យយុវជនទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីថែរក្សាកេរ្តិ៍ដំណែលលើកស្ទួយវប្បធម៌ ប្រពៃណី សាសនា និងទឹកដី ឲ្យបានគង់វង្ស ជាពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំស្នងឫស្សី បម្រើប្រទេសជាតិ សូមឲ្យធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ត្រូវចេះយោគយល់ អធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក និងខិតខំធ្វើអំពើល្អ ដោយប្រកាន់ជំហររឹងមាំ កុំចេះតែជឿពាក្យញុះញង់មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវចេះជួយយកអាសារគ្នា ពេលមានពិធិបុណ្យ ពិធីមង្គលការជាដើម»។
ឆ្លើយតបនឹងការណែនាំខាងលើ កញ្ញា ពៅ សោភ័ណ យុវជនឃុំទួលគ្រើល បានធ្វើការប្តេជ្ញាចិត្ត ថានឹងដើរតាមមាគ៌ាដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនឲ្យបានដាច់ខាត ធ្វើជាគំរូល្អ ក្នុងជួរយុវជន និងបម្រើប្រជាជន ឲ្យបានល្អ ដើម្បីពង្រឹងសាមគ្គីភាព ផ្ទៃក្នុងរវាងយុវជនស្រុក ឃុំ និងភូមិ ឲ្យបានល្អ និងខិតខំបំពេញភារកិច្ច តាមការចាត់តាំង និងអនុវត្តតាមគោលនយោបាយរបស់បក្សឲ្យបានល្អ។
លោក ជា អឿង បានបន្ថែមថា ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃក៏ដោយសារនយោបាយដឹកនាំ ដ៏ត្រឹមត្រូវ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ បានធ្វើឱ្យភាគីជំលោះទាំងអស់ រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា មានកិត្តិយស និងសេចក្តីថ្លែថ្នូរ និងបានលើកកម្ពស់ក្នុងផ្ទៃក្នុងជាតិ និងអន្តរជាតិ៕