(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមជាមួយប្រជាពលរដ្ឋទូទៅ បានអញ្ជើញទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅការិយាល័យលេខ ១១៦៨ ក្នុងមណ្ឌលសាលាបឋមសិក្សាហ៊ុនសែន ខ្នារ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានក្តីសប្បាយរីករាយ ដែលបានបំពេញកាតព្វកិច្ចរួចរាល់ ក្នុងនាមជាពលរដ្ឋមួយរូប សម្រាប់ឃុំ-សង្កាត់ និងរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងសម្រេចចិត្តឲ្យច្បាស់ ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេសបន្តអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា៖ មណ្ឌលសាលាបឋមសិក្សាហ៊ុនសែនខ្នារ មាន០៣ការិយាល័យ និងមានពលរដ្ឋមានឈ្មោះត្រូវបោះឆ្នោតចំនួន ១១៦២នាក់ រួមមាន៖ការិយាល័យលេខ១១៦៦ មាន៣៩៤នាក់ ការិយាល័យ១១៦៧ មាន៣៤០នាក់ និងការិយាល័យលេខ១១៦៨ មានចំនួន៤២៨នាក់។ ក្នុងនោះក៏មានគណៈបក្សចំនួន០៣ ចូលរួមអង្កេតការណ៍ផងដែរ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊្វុនសុិនប៉ិច។

បើតាម លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តត្បូងឃ្មុំ ឱ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១គណបក្ស មានពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕