(ឧត្តរមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅតាមមណ្ឌលបោះឆ្នោតក្នុងស្រុកអន្លង់វែង និងនៅទូទាំងខេត្តឧត្តរមានជ័យ បានដំណើរការក្រោមបរិយាកាសល្អប្រសើរ និងស្ងប់ស្ងាត់ មិនបាតុភាពណាមួយរំខានដល់ការបោះឆ្នោតនោះទេ។

លោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា នៅពេលទ្វារការិយាល័យបោះឆ្នោតបើកទ្វារភ្លាម ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញទៅចូលរួមបោះឆ្នោតប្រកបដោយភាពរីករាយ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕