(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុកការិយាល័យបោះឆ្នោតទូទាំងប្រទេសចំនួន ២៣,៦០២ការិយាល័យ បានបើកទ្វារបម្រើការបោះឆ្នោតហើយនៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣រសៀល។

ដំណើរការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ ដោយមានការរៀបចំបានយ៉ាងល្អពីមន្ត្រីរៀបចំការបោះឆ្នោត។ តាមមណ្ឌលបោះឆ្នោតនីមួយៗត្រូវបានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្ជាប់ខ្ជួនពីកម្លាំងសមត្ថកិច្ច។ ដោយឡែកប្រជាពលរដ្ឋជាអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតដោយស្នាមញញឹម ដោយក្តីរីករាយតាមឆន្ទៈរបស់ខ្លួន។

ជាមួយនឹងការបើកដំណើរការបោះឆ្នោតនេះ គេបានសង្កេតឃើញថា ឥស្សរជនជាន់ខ្ពស់ដែលជាថ្នាកដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យ ដែលបានចុះឈ្មោះផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ២៣១ ក្នុងវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ, សម្តេចពញាចក្រី ហេង សំរិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ៧៣២ ក្នុងវិទ្យាល័យអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម អញ្ជើញទៅបោះឆ្នោតនៅការិយាល័យ១៦៩៧ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបោះឆ្នោតនៅការិយាល័យលេខ៥០៣ ក្នុងវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ៥៩០ ក្នុងវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា សម្ភារៈ និងបរិក្ខាបម្រើឱ្យការបោះឆ្នោត ត្រូវបានដឹកទៅដល់ឃុំ/សង្កាត់ទាំង ១,៦៥២រួចរាល់ហើយ។ ក្នុងនោះមានការិយាល័យបោះឆ្នោតមួយនៅក្នុងខេត្តក្រចេះ ត្រូវបានប្រើឧទ្ធម្ភាគចក្រដឹកសម្ភារៈ បរិក្ខាបម្រើការបោះឆ្នោត ព្រោះការិយាល័យនោះមានចម្ងាយឆ្ងាយ ហើយផ្លូវពិបាកធ្វើដំណើរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ/សង្កាត់ ដែលពួកគេកំពុងរស់នៅ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាការបោះឆ្នោតសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ/សង្កាត់ តាមឃុំ/សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ/សង្កាត់។ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។

ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែរយៈពេល៤អាណត្តិហើយ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។

តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ/សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងជាសកល ដូចទៅនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០២ ដោយរាប់ថាអាណត្តិទី១។ ចាប់តាំងពីឆ្នាំ២០០២មក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។

បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ។

ខាងក្រោមនេះ គឺជាលទ្ធផលបោះឆ្នោត៤អាណត្តិកន្លងទៅ៖

* អាណត្តិទី១៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី១ ដែលធ្វើឡើងនៅឆ្នាំ២០០២ មានគណបក្សចំនួន ៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.២៦១ អាសនៈ។

អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី១ រួមមាន៖

- គណបក្សប្រជាជនកម្ពុជា ចំនួន ៧,៧០៣ អាសនៈ
- គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២,២១១ អាសនៈ
- គណបក្ស សមរង្ស៉ី ចំនួន ១,៣៤៦ អាសនៈ
- គណបក្សប្រជាធិបតេយ្យខ្មែរ ១ អាសនៈ

* អាណត្តិទី២៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ ដែលធ្វើឡើងនៅឆ្នាំ២០០៧ មានគណបក្សនយោបាយចូលរួមចំនួន១២ ប៉ុន្តែមានគណបក្សតែ ៥ប៉ុណ្ណោះ ទទួលបានអាសនៈ សរុបចំនួន ១១,៣៥៣ អាសនៈ។

អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ រួមមាន៖
- គណបក្សប្រជាជនកម្ពុជា ចំនួន ៧,៩៩៣ អាសនៈ
- គណបក្សសមរង្ស៉ី ចំនួន ២,៦៦០ អាសនៈ
- គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៤២៥ អាសនៈ
- គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចំនួន ២៧៤ អាសនៈ
- គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ចំនួន ១ អាសនៈ

* អាណត្តិទី៣៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៣ ដែលធ្វើឡើងនៅឆ្នាំ២០១២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១០ ប៉ុន្តែមានគណបក្សនយោបាយចំនួន៦ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៤៥៩ អាសនៈ។

អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ រួមមាន៖
- គណបក្ស ប្រជាជនកម្ពុជា ចំនួន ៨,២៩២ អាសនៈ
- គណបក្ស សមរង្ស៉ី ចំនួន ២,១៥៥ អាសនៈ
- គណបក្ស ហ៊្វុនស៉ិនប៉ិច ចំនួន ១៥១ អាសនៈ
- គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៥២ អាសនៈ
- គណបក្ស សិទ្ធិមនុស្ស ចំនួន ៨០០ អាសនៈ
- គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ ចំនួន ៨ អាសនៈ
- គណបក្ស សញ្ជាតិកម្ពុជា ចំនួន ១ អាសនៈ

* អាណត្តិទី៤៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ដែលធ្វើឡើងនៅឆ្នាំ២០១៧ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២ ប៉ុន្តែគណបក្សនយោបាយចំនួន៧ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៥៧២ អាសនៈ។
- គណបក្ស ប្រជាជនកម្ពុជា ចំនួន ៦,៥០៣ អាសនៈ
- គណបក្ស សង្គ្រោះជាតិ ចំនួន ៥,០០៧ អាសនៈ
- គណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន ២៨ អាសនៈ
- គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ ចំនួន ៤ អាសនៈ
- គណបក្ស ខ្មែររួបរួមជាតិ ចំនួន ២៤ អាសនៈ
- គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១ អាសនៈ
- គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ៥ អាសនៈ