(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានជាង៤ពាន់នាក់ ត្រូវដាក់ពង្រាយរួចជាស្រេច ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមគ្រប់ការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ ដោយភាពទទួលខុសត្រូវលេីតួនាទីភារកិច្ចរបស់ខ្លួន។ នេះតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃស្អែកយើងរួមជាមួយប្រជាការពារមួយចំនួន គឺយើងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ ជាមួយប្រជាការពារ អញ្ចឹងមានន័យថា នៅមូលដ្ឋានខណ្ឌ ឬសង្កាត់ ណាដែលយើងប្រើប្រាស់កម្លាំងស្ទើរ អញ្ចឹងយើងប្រើបូករួមជាមួយកម្លាំងប្រជាការពារ»។
បន្ថែមពីនេះ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទាំងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងប្រហាក់ប្រហែលគ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោតនានា។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា សម្រាប់នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន២,១៩៧ការិយាល័យ។
សូមជម្រាបថា មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០,៤៩៣នាក់ ក្នុងនោះមានស្រី ១២១,១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមរបាយការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមការគ.ជ.ប រហូតដល់ពេលនេះ មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕