(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាមួយ ដើម្បីបង្ហាញអំពី «ស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា ជូនអ្នកសង្កេតការណ៍អន្ដរជាតិ» មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឈានមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។
វាគ្មិនដែលចូលរួមធ្វើបទបង្ហាញរួមមាន តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), តំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
សូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៖
*ទី១៖ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centralist Democrat International CDI-IDC)
*ទី២៖ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (Centralist Asia-Pacific Democrat International - CAPDI)
*ទី៣៖ តំណាងអង្គការសន្និសិទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of the Asian Political Parties - ICAPP)
*ទី៤៖ តំណាងវេទិកាស្ថាប័នស្រាវជ្រាវសកល ២០២២ (Think Tank 2022 Global Forum)
*ទី៥៖ តំណាងសហគមន៍អន្តរសភាអាស៊ាន (ASEAN Inter-Parliament Association - AIPA)
*ទី៦៖ តំណាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (International Parliament for Tolerance and Peace - IPTP)
*ទី៧៖ តំណាងក្រុមអ្នកសង្កេតការណ៍ឯករាជ្យ (Independence Observer)
*ទី៨៖ តំណាងសហគមន៍ខ្មែរនៅក្រៅប្រទេស រួមមាន សហគមន៍ខ្មែរជីលីងតុន (Khmer Culture Association of Wellington Inc. New Zealand) និងសហគមន៍ខ្មែរនៅកូរ៉េ។
គួរបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបមានចំនួន ៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦,១៥៥នាក់៕