(ភ្នំពេញ)៖ នៅចំពោះមុខប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនក្រុម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបង្ហាញនូវមោទនភាពប្រកបដោយភាពរីករាយថា ប្រទេសកម្ពុជាដែលធ្លាប់តែល្បីល្បាញខាងសង្គ្រាម និងការកាប់សម្លាប់គ្នាកាលពីអតីតកាលនោះ ពេលនេះបានក្លាយទៅជាប្រទេសប្រជាធិបតេយ្យ អនុវត្តន៍ដោយខ្ជាប់ខ្ជួននូវដំណើរការបោះឆ្នោត។

ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ រហូតដល់ទៅ១១ក្រុម ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីដំណើរវិវឌ្ឍន៍របស់សង្គមកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួននេះ លោក Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ហៅកាត់ថា CDI តំណាងឱ្យប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញរូបលោក និងអ្នកសង្កេតការណ៍ដទៃទៀត មកចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា។ ប្រធានអង្គការ CDI បានជូនពរឱ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែកប្រព្រឹត្តទៅបានល្អប្រសើរ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ មានយុត្តិធម៌ និងគ្មានអំពើហិង្សា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ហើយសម្តេចក៏បានជម្រាបជូនប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ពីដំណើរវិវឌ្ឍន៍នៃសង្គមកម្ពុជា។ ជាពិសេសភាពជូរចត់នៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង ៣លាននាក់។

សម្តេចតេជោ ក៏បានរំលឹកដែរថា ក្រោយថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចចូលមកភ្នំពេញដំបូង បានជួបប្រជាពលរដ្ឋប្រមាណតែ ៧០នាក់ប៉ុណ្ណោះ។ ភ្នំពេញនាពេលនោះមិនដូចនឹងភ្នំពេញនាពេលបច្ចុប្បន្ននោះទេ។ ភ្នំពេញបច្ចុប្បន្ន មានការកកស្ទះចរាចរណ៍ ហើយមានអគារខ្ពស់ៗជាច្រើន។

សម្តេចតេជោ បានរំលឹកទៀតថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា តែពេលនេះកម្ពុជា បានបញ្ជូនកងទ័ពទៅប្រតិបត្តិការនៅប្រទេសដទៃ។

សម្តេចតេជោ ក៏បានគូសរំលេចផងដែរពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ជូនដល់ប្រតិភូអ្នកសង្កេតកាណ៍អន្តរជាតិ។ សម្តេចតេជោ បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសកលនៅថ្នាក់ក្រោមជាតិ ហើយក៏ជាការបោះឆ្នោតសម្រាប់ឈានទៅបោះឆ្នោតអសកលក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត និងសមាជិកព្រឹទ្ធសភាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់តែល្បីល្បាញពីការធ្វើសង្គ្រាម ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានគូសបង្ហាញពីភាពចាស់ទុំនៃដំណើរប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃកន្លងទៅ របស់គណបក្សនយោបាយទាំង១៧ ដែលបានចូលរួមបោះឆ្នោត គឺមិនបាតុភាព មិនមានប៉ះពារពាក្យសម្តី ឬហិង្សាណាមួយកើតឡើងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិពីជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ មកដល់ពេលនេះកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ រយៈពេលជាង ២០ថ្ងៃហើយ៕